
ប្រជាជនខ្មែរទាំងចាស់ទាំងក្មេងកុំពង់អង្គុយចាំដង្ហែព្រះបរមសពរបស់អតីតព្រះមហាក្សត្រខ្មែរនៅមុខព្រះបរមរាជវាំង
ស្ថិតនៅក្រោមកំដៅថ្ងៃដល់ក្តៅ ប្រជាជនខ្មែរទាំងចាស់ ទាំងក្មេង នាំគ្នាមកអង្គុយរង់ចាំ ព្រះបរមសពរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីវក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលត្រូវបានដឹកដោយយន្តហោះទីណែងពិសេសពីទីក្រុងប៉េងកាំង មកប្រទេសកម្ពុជានៅរសៀលថៃ្ង ពុធ វេលាម៉ោង ៣ និង ០០ នាទី។
ប្រជាជនខ្មែរទាំងចាស់ ទាំងក្មេង ក្នុងដៃមានកាន់ធូប និង ផ្កា ដើម្បីទុកអុចថ្វាយរំលឹកព្រះវិញ្ញាណក្ខ័ណ្ឌរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ដែលបានសោយទីវង្គត់កាលពីព្រឹកថ្ងៃច័ន្ទ។ ការដង្ហែព្រះបរមសពរបស់ព្រះបាទនរោត្តម សីហនុ ត្រូវបានហែពី អាកាសយាន្តស្ថានភ្នំពេញអន្តរជាតិ ឆ្លងកាត់ស្ពាន ៧ មករា ហើយដង្ហែរជុំវិញវិមានឯករាជ្យ រួចឆ្ពោះទៅព្រះបរមរាជវាំង។
យោងតាមគេហទំព័រដើអម្ពិល បានស្រង់សំដីរបស់នាយកទីចាត់ការរដ្ឋបាល និង ជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ គឺ លោក ឡុង ឌីម៉ង់ មានប្រជាពលរដ្ឋខ្មែរ ប្រមាណជា ១ លាននាក់ ទៅ ១.២ លាននាក់ដែលបានចូលរួមក្នុងការដង្ហែព្រះបរមសពរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ពីអាកាសយាន្តស្ថាន រហូតមកដល់ព្រះបរមរាជវាំងវិញ។
អត្ថបទ និង រូបភាពដោយ៖ ទេព ច័ន្ទសោភា