
ភ្នំពេញ៖ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលបានធ្វើឡើងនាល្ងាច ថ្ងៃច័ន្ទ ទី១៩ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងពីបញ្ហាសេសសល់ក្នុងទំនាក់ទំនងទ្វេភាគី គឺបញ្ហាបំណុលរបស់ប្រទេសកម្ពុជាចំពោះសហរដ្ឋអាមេរិក។
លោក ប្រាក់ សុខុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃដដែលនេះ នៅមជ្ឈមណ្ឌលព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្រ្តីថា ក្នុងឋានៈប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលស្គាល់កេរមរតករបស់ខ្លួន ហើយទទួលស្គាល់នូវកាតព្វកិច្ចរបស់ខ្លួន ប្រទេសកម្ពុជានឹងធ្វើការសងបំណុលដែលកម្ពុជាបានជំពាក់ ទៅសហរដ្ឋអាមេរិក វិញ។
កន្លងទៅនេះប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានការឯកភាពគ្នាក្នុងការកំណត់ទំហំនៃបំណុលដែលកម្ពុជាត្រូវសង ប៉ុន្តែអ្វីដែលនៅសេសសល់ ហើយមិនទាន់បានដោះស្រាយ គឺពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនៃការសងបំណុលនេះ។
សម្តេច ហ៊ុន សែន បានស្នើទៅភាគីអាមេរិក ថាកម្ពុជាចង់ដោះស្រាយបញ្ហាបំណុលជាមួយអាមេរិកទៅតាមសំណើដែលខ្លួនបានធ្វើជាចុងក្រោយបំផុតកាលពីឆ្នាំទៅមុន គឺដោយប្រើប្រាស់យន្តការទ្វេភាគី។
ចំណុចសំខាន់ដទៃទៀតនៃការដោះស្រាយបំណុលនេះ កម្ពុជាបានស្នើឱ្យភាគីទាំងសងខាងរៀបចំនូវកម្មវិធីសងបំណុលនេះឡើងវិញ ដោយសងតាមលំដាប់ៗ ហើយ ស្នើអត្រាការប្រាក់ដែលកម្ពុជាត្រូវសងត្រឹមតែ ១ ភាគរយ ប៉ុណ្ណោះ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសក្រីក្រនៅឡើយ ហើយរាល់កម្ចីដែលកម្ពុជាកំពុងធ្វើសព្វថ្ងៃនេះ គឺផ្អែកទៅលើអត្រាការប្រាក់សម្បទាន គឺមិនមែនអត្រាការប្រាក់ពាណិជ្ជកម្មនោះទេ។ ទាក់ទងនឹងការដោះស្រាយបញ្ហាបំណុលនេះ ចំនុចសំខាន់មួយទៀតដែលកម្ពុជា បានស្នើទៅអាមេរិក គឺការបង្វែរបន្ទុកសេវាបំណុលមួយភាគធំ យ៉ាងហោចណាស់ ៧០ ភាគរយ បង្វែរមកជាការជួយដើម្បីអភិវឌ្ឍវិស័យសង្គមវិញ ពិសេសគឺខាងវិស័យអប់រំនៅកម្ពុជា ដោយការផ្ដល់ជាអាហារូបករណ៍ ហើយជួយទៅដល់គោលដៅអភិវឌ្ឍន៍ផ្សេងៗទៀត ដូចជា ការអភិរក្សវប្បធម៌ និង បោសសម្អាតមីននៅកម្ពុជា ជាដើម។
លោក បារ៉ាក់ អូបាម៉ា ក៏បានឆ្លើយតបទៅវិញទាក់ទងទៅនឹងបញ្ហាបំណុលនេះ ដោយលោកនឹងចាត់មន្រ្តីរបស់លោក និងក្រុមជំនាញរបស់កម្ពុជា ដើម្បីរកដំណោះស្រាយមួយជាមួយគ្នាក្នុងការដោះស្រាយនូវបញ្ហានេះ ហើយនិងពិនិត្យនូវកិច្ចព្រមព្រៀងដែលកម្ពុជាបានធ្វើជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងការរកលទ្ធភាពដើម្បីធ្វើការសម្រួលក្នុងការដោះស្រាយបញ្ហានេះ។
អត្ថបទ និង រូបភាពដោយ៖ Khmer79/ទេព ច័ន្ទសោភា