បាល់ទាត់គឺជាកីឡាមួយប្រភេទដែលងាយស្រួលលេង ពោលគឺឲ្យតែមានបាល់ និងទីកន្លែងទូលាយបន្តិចគឺអាចលេងបានហើយ។ ជាក់ស្តែងនៅទីក្រុងភ្នំពេញ កីឡានេះត្រូវបានគេនិយមលេងនៅតាមកន្លែងមួយចំនួនដូចជា ស្តាតអូឡាំពិក និងតាមទីលានតាមសាលា។ ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ អ្នកដែលចូលចិត្តលេងបាល់ បានបង្វែរចំណាប់អារម្មណ៍ទៅលេងបាល់តាមក្លឹបកីឡា (Sport Club) វិញ។
អ្នកដែលនិយមលេងតាមក្លឹបកីឡាបាននិយាយថា ការលេងតាមក្លឹបកីឡាមានសុវត្ថិភាពខ្ពស់និងទុកចិត្តបាន។ ជាក់ស្តែង យុវជន គឹម គង់ដាវីត អាយុ២០ឆ្នាំដែលជានិស្សិតឆ្នាំទី៣នៃ វិទ្យាស្ថានភាសាបរទេស ហើយធ្លាប់បានលេងបាល់ប្រមាណជា១០ឆ្នាំ បាននិយាយថា៖«បើលេងតាម ទីសាធារណៈ ពេលចតម៉ូតូ ឫឡាន និង សម្ភារៈផ្សេងៗគឺអាចនឹងបាត់ តែបើលេងតាមក្លឹបកីឡាគឺ មានកន្លែងចតកង់ ម៉ូតូត្រឹមត្រូវ មានបន្ទប់ប្តូរសំលៀកបំពាក់» ហើយគាត់ក៏បានបន្ថែមទៀតថា នៅតាមក្លឹបកីឡានានាមាន សេវាកម្មអាជ្ញាកណ្តាលដែលនេះអាចកាត់បន្ថយនូវជម្លោះរវាងអ្នកលេងដោយចៃដន្យ។ បន្ថែមពីនេះ លោក ចាន់ ដេវីដ ដែលជាគ្រូបង្រៀនភាសាអង់គ្លេស ក៏ទទួលស្គាល់ថា ការលេងតាម ក្លឹបកីឡាមានភាពងាយស្រួល ទីលានមានផាសុខភាព សេវាកម្មល្អ និង មានភាពទាក់ទាញ។
ការលេងតាមក្លឹបកីឡា គឺទាមទារឲ្យអ្នកលេងទាំងអស់ត្រូវកក់តារាងទុក មុនពេលដែលពួកគេមកលេង នេះជាភាពងាយស្រួលដែលអាចឲ្យពួកគេរៀបចំពេលវេលារបស់ពួកគេបានល្អ។ បើតាមសម្តីរបស់ លោក ឈិត ចក្រាយុធ អាយុ ២៥ ឆ្នាំ ដែលជាសាស្រ្តចារ្យនៃសាកលវិទ្យាល័យភូមិន្ទនិតិស្រ្តា និង វិទ្យាសាស្រ្តសេដ្ឋិកិច្ចបាននិយាយថា៖ «ដោយសារតែមានការកក់ទុកជាមុន ដូច្នេះបើសិនជាគ្មានតារាងទំនេរយើងអាចទៅរកតារាងផ្សេង»។ ជាងនេះទៅទៀត លោកបានបន្ថែមទៀតថា ការលេងតាមក្លឹបទោះជាមានគ្នាតិច ក៏អាចលេងបាន ហើយមានលក្ខណះឯកជន គ្មានអ្នកដទៃមករំខាន។ លោក អ៊ី រតនា ជាអ្នកគ្រប់គ្រងទូទៅនៅក្លឹបកីឡា Rooy7 ដែលជាក្លឹបកីឡាមួយក្នុងចំណោមក្លឹបកីឡាដែលពេញនិយមនៅក្នុងទីក្រុងភ្នំពេញ បាននិយាយថា៖ «កាលដែលខ្ញុំបើកក្លឹបនេះឡើង មិនមែនដើម្បីតែរកស៊ីទេ ប៉ុន្តែគឺចង់ឃើញយុវជនចំណាយពេលទៅលើកីឡាច្រើនជាជាងទៅលើការស៊ីផឹក និង ចេះរួបរួមគ្នា»។
អត្ថបទដោយ៖ ទេព ច័ន្ទសោភា, ឈិត កណិកា, ហ៊ុន កែវាសនា
រូបភាពដោយ៖ ទេព ច័ន្ទសោភា